កីទ្បា
Inter អាចរបូត Eto’o តែរំពឹងបាន Tevez
ខ្សែប្រយុទ្ធសញ្ជាតិកាមេរ៉ូន Samuel Eto’o អាចនឹងចាកចេញពី Internazionale ទៅកាន់ក្លិបអ្នកមានរបស់រុស្ស៊ី Anzhi Makhachkal ក្នុងតម្លៃខ្លួនខ្ពស់។
ក្លិប Anzhi ដែលអួតពីកីឡាករស្លាបឆ្វេងសញ្ជាតិប្រេស៊ីល Roberto Carlos និងអតីតខ្សែបម្រើកណ្ដាលរបស់ Chelsea កីឡាករ Yuri Zhirkovនោះ ពេលនេះបានដេញថ្លៃ៣០លានយូរ៉ូយកកីឡាករឆ្នើមប្រចាំឆ្នាំបួនជំនាន់របស់អាហ្វ្រិកSamuel Eto’o ហើយគ្រោងនឹងផ្ដល់បៀវត្ស២០លានយូរ៉ូក្នុងមួយឆ្នាំ។
លោក Marco Branca នាយកកីឡាក្លិប Inter បានប្រាប់គេហទំព័រ www.gazzetta.it ក្រោយកិច្ចប្រជុំជាមួយ Anzhi ថា “មានកិច្ចប្រជុំមិនផ្លូវការមួយ។ ពួកយើងបានស្ដាប់សំណើរបស់ពួកគេ ប៉ុន្តែនោះគឺការនិយាយពីកីឡាករសំខាន់ យើងមិនអាចឈានដល់កិច្ចព្រមព្រៀងក្នុងរយៈពេលមួយរសៀលនោះទេ”។
Eto’o វ័យ៣០ឆ្នាំបានសាងកេរ្តិ៍ឈ្មោះនៅទឹកដីអេស្ប៉ាញជាមួយ Real Madrid និង Real Mallorca មុនពេលឈ្នះជើងឯក Champions League ឆ្នាំ២០០៦និង២០០៩ ជាមួយ Barcelona។
ប្រសិនបើ Eto’o ចាកចេញអាចជាការបើកឱកាសអោយ Inter ដេញថ្លៃយកខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរបស់ Manchester City កីឡាករ Carlos Tevez បន្ទាប់ពីលោក Branca ត្រូវបានគេថតរូបពេលដែលជជែកជាមួយខ្សែប្រយុទ្ធរូបនេះនៅថ្ងៃវិស្សមកាល៕
EnriqueមកLiverpoolនារដូវកាលថ្មី
ក្លិបហង្សក្រហម LiverpoolដែលបានតាមទិញកីឡាករJosé Enrique នាពេលកន្លងមក ឥឡូវនេះបានសម្រេចដូចបំណងហើយ បន្ទាប់ពីកីឡាកររូបនេះមិនពេញចិត្តនឹងតម្លៃខ្លួនរបស់គេនៅក្នុងក្លិបNewcastle។
កីឡាករសញ្ជាតិអេស្ប៉ាញវ័យ២៥ឆ្នាំរូបនេះធ្លាប់រិះគន់ទៅលើអតីតក្លិបរបស់ខ្លួនថាបានកាត់ប្រាក់ខែរបស់ខ្លួនចំនួន២សប្ដាហ៍ ពិសេសតម្លៃខ្លួនក៏ថោកទៀត។ អញ្ចឹងហើយទើបកីឡាកររូបនេះសម្រេចចាកចេញទៅលេងឲ្យក្រុមណាដែលហ៊ានឲ្យតម្លៃខ្លួនគេខ្ពស់ជាងNewcastle។ កីឡាកររូបនេះអាចនឹងទទួលបានប្រាក់ឈ្នួលប្រមាណជា ៦លានផោន។
បើយោងទៅតាមការចុះផ្សាយនៅលើគេហទំព័ររបស់ខ្លួន កាលពីម្សិលមិញ ក្លិប Liverpoolបានប្រកាសថា “Enriqueនឹងត្រូវនាំមកលេងពេលរដូវកាលថ្មី Barclays English Premier បើក បន្ទាប់ពីមានការព្រមព្រៀងផ្លូវការណ៍ពីក្លិបNewcastle នោះ”។ ក្លិបក៏បានអះអាងទៀតថា ក្លិបនឹងផ្ដល់លក្ខខណ្ឌល្អៗដល់Enriqueដូចជាប្រាក់ធានារ៉ាប់រងថ្លៃពេទ្យ និងតម្លៃខ្លួនជាដើម។
អ្នកគ្រប់គ្រងក្លិបNewcastleលោកAlan Pardewបាននិយាយថាមូលហេតុដែលលក់Enrique ចេញ មកពី ”យើងមិនអាចផ្ដល់នូវតម្លៃខ្លួនតាមដែលគេទាមទារ ប្រហែល៦.៣លានផោន ហើយយើងពុំមានការអាក់អន់ចិត្តចំពោះការបាត់បង់កីឡាករឆ្នើមរូបនេះទេ និងសូមឲ្យគេទទួលបានជោគជ័យក្នុងក្លិបថ្មីរបស់គេ”។
ក្រៅពីការអះអាងរបស់ក្លិបក្នុងការនាំយក José Enriqueនាពេលថ្មីៗនេះ កីឡាករថ្មីៗ៤នាក់ទៀតដូចជា Jordan Henderson, Charlie Adam, Stewart Downing និងAlexander Doni នឹងត្រៀមបង្ហាញខ្លួននៅទឹកដី Anfield រដូវកាលថ្មីនេះដែរ៕
តើបាល់ទាត់វិវត្តយ៉ាងណាខ្លះ?
ពួករ៉ូម៉ាំង និងក្រិកបុរាណជាអាណាចក្រមួយចូលចិត្តលេងកីឡាគ្រប់ប្រភេទ ជាពិសេសប្រភេទកីឡាដែលប្រើដោយជើង។ កីឡាប្រភេទនេះត្រូវបានពួករ៉ូម៉ាំងហៅថា Harpastum ដែលគេគិតថាពាក្យនេះបានមកពីភាសាក្រិក Episkyros។
ក្រោយមកនៅក្នុងសៀវភៅក្បួនកងទ័ពចិន Zhan Guo Ce ក៏បានចងក្រងពីកីឡាប្រភេទនេះដែរនៅចន្លោះសតវត្សទី ៣ ដល់ទី ១ មុនគ្រឹស្តសករាជ ដែលត្រូវបានគេហៅជាភាសាចិនថា Cuju ។ Cuju ជាប្រភេទកីឡាម្យ៉ាង ដែលគេលេងដោយការទាត់បាល់ដែលធ្វើពីស្បែកសត្វចូលទៅរន្ធដ៏តូចមួយដែលធ្វើពីកំណាត់សូត្រ ហើយត្រូវបានគេចងព្យួរដោយមានកម្ពស់ខ្ពស់ពីដីប្រវែង ៩ ម។ មកដល់សម័យរាជវង្ស Han (206 BC-220 AD) Cuju ក៏ត្រូវបានគេរៀបចំឲ្យមានលក្ខណៈជាស្តង់ដារ ហើយក៏បានផ្សព្វផ្សាយដល់ប្រទេសជប៉ុន និងកូរ៉េ។
Cuju ភាសាជប៉ុនត្រូវបានគេហៅថា Kemari និងមានការរីកចម្រើនយ៉ាងខ្លាំងនៅសម័យកាល Asuka ហើយកីឡាប្រភេទនេះត្រូវបានគេនិយមលេងនៅរជ្ជកាលអធិរាជជប៉ុនក្យូតូក្នុងឆ្នាំ ៦០០ ក្រោយគ្រិស្តសករាជ។ Kemari ត្រូវបានគេលេងដោយមានមនុស្សឈរជារង្វង់ ហើយទាត់បាល់ដាក់គ្នាទៅវិញទៅមកដោយព្យាយាមមិនឲ្យបាល់ធ្លាក់ដល់ដី។ កីឡាប្រភេទនេះ ទំនងជាមានភាពសាបរលាបនៅពាក់កណ្ដាលសតវត្សទី ១៩ និងត្រូវបានធ្វើឲ្យរស់រានឡើងវិញនៅឆ្នាំ ១៩០៣ ហើយបច្ចុប្បន្ននេះត្រូវបានគេនិយមលេងជាទូទៅនៅគ្រប់កម្មវិធី។
ក្រៅពីការលើកឡើងពីខាងលើ គេឃើញថាមានឯកសារយោងជាច្រើនដែលនិយាយលើកឡើងពីការលេងកីឡាបាល់ទាត់មានតាំងពីសម័យបុរាណកាលមកម្ល៉េះដែលកីឡាប្រភេទនេះ ត្រូវបានគេលេងដោយជនជាតិដើមភាគតិចនៅស្ទើរតែគ្រប់ទីកន្លែងនៅជុំវិញពិភពលោក។
នៅមជ្ឈិមសម័យពីសតវត្សទី ៥ ដល់ទី ១៥ គេឃើញថាបាល់ទាត់ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងនៅអឺរ៉ុបជាពិសេសនៅប្រទេសអង់គ្លេស ដែលគេគិតថាប្រហែលជានាំមកដោយពួករ៉ូម៉ាំងដែលបានចូលមកកាន់កាប់ប្រទេសអង់គ្លេសនាសម័យកាលនោះ។
William FitzStephen ដែលជាអាចារ្យសាសនាបានបរិយាយលម្អិតពីកីឡាប្រភេទនេះ នៅចន្លោះឆ្នាំ១១៧៤ ដល់ ១១៨៣ដោយបាននិយាយលើកឡើងពីសកម្មភាពរបស់យុវជននៅទីក្រុងឡុងដ៍ដែលនាំគ្នាលេងកីឡានេះនៅក្នុងពិធីប្រចាំឆ្នាំមួយដែលមានឈ្មោះថា Shrove Tuesday។ FitzStephen បានពិពណ៌នាថា ក្រោយពេលទទួលទានអាហារថ្ងៃត្រង់រួច ក្រុមយុវជនក្មេងៗនៅក្នុងទីក្រុងនាំគ្នាទៅទីវាល និងនាំគ្នាលេងកីឡាមួយប្រភេទដែលប្រើតែជើង ហើយជនដែលមានវ័យចំណាស់ៗនិងអ្នកដែលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ ជិះនៅលើខ្នងសេះទស្សនាការប្រកួតនោះយ៉ាងសប្បាយរីករាយ។
ទន្ទឹមនឹងនោះដែរនៅមានរឿងរ៉ាវជាច្រើនទៀត ដែលបានចារជាភាសាឡាតាំងដែលនិយាយពីបាល់ទាត់នៅចុងសតវត្សទី ១៥ នៅតំបន់ Cawston ក្នុងស្រុក Nottinghamshire នាប្រទេសអង់គ្លេស។
នៅក្នុងសៀវភៅសរសេរដោយលោក Francis Willughby នៅឆ្នាំ ១៦៦០ ក្រោមចំណងជើងថា Book of Games បាននិយាយរាប់រាប់យ៉ាងលម្អិតពីសកម្មភាពនៃការចូលរួមលេងកីឡាបាល់ទាត់នៅលើទីវាល និងការដាក់ឲ្យប្រើប្រាស់នូវបង្គោលទីដើម្បីកំណត់បាល់ចេញឬចូល។ នៅក្នុងសៀវភៅនោះគេបាននិយាយដល់ទំហំនៃទីលានសម្រាប់ធ្វើការប្រកួត ការជ្រើសរើសកីឡាករសម្រាប់ចាំទី និងការបែងចែកតួនាទីកីឡាករក្នុងក្រុមទៅតាមសមត្ថភាពរបស់គេម្នាក់ៗ។ Willughby ជាមនុស្សដំបូងគេដែលបានសរសេរចងក្រងសៀវភៅនិយាយពីច្បាប់វិន័យបាល់ទាត់ដំបូងគេ។
សាលារៀននៅអង់គ្លេសជាកន្លែងដំបូងគេដែលបង្កើតឲ្យមានច្បាប់វិន័យប្រកួត ក្នុងនោះបានកំណត់ឲ្យមានបាល់អកហ្សឺ (offside) នៅចុងសតវត្សទី ១៨ ហើយច្បាប់នេះក៏មានការកែប្រែនៅចន្លោះឆ្នាំ ១៨១០ ដល់ ១៨៥០។ ច្បាប់ដំបូងដែលគេស្គាល់ជាទូទៅមានឈ្មោះថា Eton ក្នុងឆ្នាំ ១៩៨៥ និង Aldenham ក្នុងឆ្នាំ ១៨២៥។
នៅដើមសតវត្សទី ១៩ ប្រជាជនវណ្ណៈកម្មករនៅប្រទេសអង់គ្លេសត្រូវធ្វើការ ៦ ថ្ងៃក្នុងមួយសប្ដាហ៍ និងលើសពី ១២ ម៉ោងក្នុងមួយថ្ងៃ។ ពួកគេមិនមានពេលវេលាច្រើនដើម្បីចូលរួមលេងកីឡាកម្សាន្ត នោះទេ។ នៅសម័យនោះកុមារជាផ្នែកមួយនៃកម្លាំងពលកម្ម ហើយការលេងកីឡាបាល់ទាត់នៅតាមដងផ្លូវនៅថ្ងៃ Feast Day ក៏មានការធ្លាក់ចុះ។ ក្មេងៗដែលរៀននៅតាមសាលារបស់រដ្ឋបានរួចផុតពីការងារពលកម្ម និងបានក្លាយទៅជាអ្នកដែលបានបង្កើតឲ្យមានច្បាប់ប្រកួតនេះឡើង។
បាល់ទាត់ត្រូវគេយកទៅលេងកម្សាន្តនៅតាមបណ្ដាសាលាសាធារណៈជាច្រើន នៅប្រទេសអង់គ្លេស ដើម្បីជាមធ្យោបាយជំរុញឲ្យមានការប្រកួតប្រជែងគ្នា និងដើម្បីធ្វើឲ្យរាងកាយមាំមួន។ សាលានិមួយៗត្រូវកំណត់ច្បាប់ប្រកួតដាច់ដោយឡែកពីគ្នា ដោយសាលាខ្លះគាំទ្រឲ្យការប្រកួតនោះអាចប្រើដៃបានដូចជាកីឡា Rugby នាពេលបច្ចុប្បន្នអញ្ចឹងដែរ ឯសាលាខ្លះទៀតតម្រូវឲ្យទាត់ ឬបណ្ដើរតែប៉ុណ្ណោះ។ រហូតមកដល់ពាក់កណ្ដាលឬចុងសតវត្សទី ១៩ ទើបច្បាប់វិន័យប្រកួតបាល់ទាត់សម័យទំនើបត្រូវបានបង្កើតឡើង ដែលវាបានជួយកីឡាប្រភេទនេះកាន់តែមានភាពរៀបរយ និងមានភាពសុក្រឹត។
កីឡាបាល់ទាត់ជាប្រភេទកីឡាដ៏ពេញនិយមទាំងការទស្សនា និងការចូលរួមប្រកួត ហើយត្រូវគេមើលឃើញថាមានការចូលចិត្តលេងនៅគ្រប់ច្រកល្ហកពាសពេញពិភពលោក ជាពិសេសនៅតំបន់អឺរ៉ុប រីឯការប្រកួតបាល់ទាត់ពិភពលោកក្លាយជាព្រឹត្តិការណ៍កីឡាដ៏ធំបំផុតប្រចាំទ្វីបសម្រាប់ពេលបច្ចុប្បន្ននេះ។
ហុក សុចិត្រាកីឡាករល្អបំផុតនៅASEAN
តាំងពីប្រទេសខ្មែររួចផុតពីសង្គ្រាម ពោលក្រោយឆ្នាំ១៩៧៩មក គ្មានកីឡាករណាម្នាក់របស់កម្ពុជាធ្លាប់ទទួលពានរង្វាន់បាល់ទាត់ប្រចាំតំបន់អាស៊ីអាគ្នេយ៍ឡើយ(ASEAN) លើកលែងតែ លោក ហុក សុចិត្រា ធ្លាប់ទទួលបានពានរង្វាន់ជាកីឡាករលេងល្អបំផុតលេខ២ ប្រចាំតំបន់អាស៊ីអាគ្នេយ៍នៅក្នុងឆ្នាំ ១៩៩៧បន្ទាប់ពីកីឡាករថៃ Kiatisuk Senamuang ។ លើសពីនេះលោក សុចិត្រា ក៏ទទួលបានបាល់មាសពីក្រុមហ៊ុន Sanyoផងដែរ។ សុចិត្រាបានរកគ្រាប់បាល់រហូតដល់ ៤២ គ្រាប់ក្នុងការប្រកួតអន្តរជាតិ ចំនួន៦២ប្រកួត។ តើដំណើរការរស់នៅនិងការហ្វឹកហាត់បែបណារហូតធ្វើឲ្យរូបលោកអាចក្លាយជាកីឡាករល្អក្នុងចំណោម១០ប្រទេសនោះ?
ជីវិតផ្ទាល់ខ្លួន
លោក ហុក សុចិត្រា កើតថ្ងៃទី ០៧ខែវិច្ឆិកាឆ្នាំ១៩៧២ នៅសង្កាត់លេខ៣ក្រុងភ្នំពេញ។ លោកមានកម្ពស់១.៨០ សង់ទីម៉ែត្រ ហើយ បច្ចុប្បន្ន មានទម្ងន់ ៧៥គីឡូក្រាម។ លោកហុក សុចិត្រា កើតនៅក្នុងត្រកូលដែលមានឈាមជ័រជាអ្នកកីឡាដែលមានឳពុកឈ្មោះ ហុក ឈាងគីម និងម្ដាយឈ្មោះ ជឹង យ៉េក។ លោក ហុក ឈាងគីម ដែលជាគ្រូបង្វឹក ការ៉ាតេដូ យូដូ ចំបាប់ និងបាល់ទាត់ជាដើមមិនបានហាមឃាត់ចំណង់ចំណូលចិត្តរបស់កូនឡើយ។ ចំណែកឯអ្នកស្រី ជឹង យ៉េកវិញគឺជាគ្រូបង្រៀននៅសាលាសន្ធម៉ុកនាពេលបច្ចុប្បន្នមិនដែលទៅស្ដីបន្ទោសពីការចូលហ្វឹកហាត់បាល់ទាត់របស់សុចិត្រា ឡើយ តែកុំតែចោលការសិក្សា។ លោក សុចិត្រាគឺជាកូនច្បងនៅក្នុងចំណោមបងប្អូន៤នាក់។ ប្អូនទី២លោក ហុក សុទិត្យា, ប្អូនស្រីទី៣អ្នកនាង ហុក សុកញ្ញា និង ប្អូនប្រុសពៅ ហុក សុជីវ័ន។
កម្រិតវប្បធម៌
កុមារា ហុក សុចិត្រាបានចូលសិក្សាថ្នាក់បឋមសិក្សានិងអនុវិទ្យាល័យនៅសាលាទួលស្វាយព្រៃរហូតដល់ឆ្នាំ១៩៨៧។ រហូតដល់ឆ្នាំ១៩៩០ លោកបានប្រលងជាប់បាក់ឌុប(BacII) ក្រោយផ្លាស់ចេញពីអនុវិទ្យាល័យទួលស្វាយព្រៃទៅរៀននៅវិទ្យាល័យសន្ធម៉ុក។
ក្រោយពីប្រឡងជាប់ថ្នាក់មធ្យមសិក្សាទុតិយភូមិឆ្នាំ១៩៩១ លោកហុក សុចិត្រាបានចូលរៀនថ្នាក់មធ្យមសិក្សាអប់រំកាយ និង កីឡា(គ្រូកីឡា)រាជធានីភ្នំពេញរហូតដល់ឆ្នាំ១៩៩៣។
ការចូលលេងបាល់ទាត់ដំបូង
ដោយសារតែនិស្ស័យនិងការស្រឡាញ់បាល់ទាត់ ហុក សុចិត្រាបានចាប់ផ្ដើមចូលលេងកីឡាបាល់ទាត់តាំងពីអាយុប្រហែលជា៨ឆ្នាំ ពោលតាំងពីរៀននៅអនុវិទ្យាល័យទួលស្វាយព្រៃមកម៉្លេះ។ ការចូលលេងបាល់ទាត់ជាការកម្សាន្តរបស់សុចិត្រា មិនត្រូវបានរារាំងដោយលោកឳពុកអ្នកម្ដាយឡើយដោយលោកទាំងពីរយល់ឃើញថាការលេងបាល់ទាត់ដើម្បីសុខភាពល្អ។ តែការលេងកម្សាន្តនៅសាលាបានធ្វើឲ្យ សុចិត្រា កាន់តែងប់នឹងការលេងបាល់ទាត់កាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
ការហាត់ហាប់គីដូ និងយូដូ
ទន្ទឹមនឹងការលេងបាល់ទាត់ សុចិត្រា បានចូលហ្វឹកហាត់កីឡាមួយចំនួនបន្ថែមទៀតក្នុងវ័យពី១៣ឆ្នាំដូចជា ហាប់គីដូ និង យូដូ ពីព្រោះលោក ឳពុកជាគ្រូបង្ហាត់ស្រាប់។ សុចិត្រាតែងតែទៅជាមួយឳពុកដើម្បីហាត់រៀនក្បាច់គុនទាំងនេះ។ តែអ្វីដែលលោកសម្រេចបានគឺបានទទួលខ្សែក្រវាត់ខ្មៅយូដូកម្រិតមួយដាន់។
ការលេងបាល់ទាត់ចាប់ពីអាយុ១៧ទៅ
នៅពេល ហុក សុចិត្រា មានអាយុ១៧ឆ្នាំ យុវជនរូបនេះបានចូលហ្វឹកហាត់នៅក្នុងក្រុមបាល់ទាត់មួយតែមិនទាន់មានឈ្មោះនៅឡើយ។ លុះដល់ឆ្នាំ១៩៩៣ ត្រូវនឹងអាយុ២១ឆ្នាំ យុវជន សុចិត្រាបានចូលទៅលេងឲ្យក្រុមក្រសួងពាណិជ្ជកម្ម។
នៅឆ្នាំ១៩៩៤ -១៩៩៧ លោកបានចូលលេងឲ្យក្រុមបាល់ទាត់កងរក្សាព្រះអង្គ។ ក្នុងឆ្នាំ១៩៩៥ គឺជាឆ្នាំដែលលោកជាប់ជាកីឡាករក្រុមជម្រើសជាតិ។ តែឆ្នាំ១៩៩៩ លោកនៅតែបន្តលេងឲ្យក្រុមចាស់តែប្ដូរឈ្មោះថ្មី ដូហ្វាំង (Dolphin)។ ក្រុមដូហ្វាំងគឺជាឈ្មោះក្រុមថ្មីត្រូវបានប្ដូរមកពីក្រុមបាល់ទាត់កងរក្សាព្រះអង្គ។
នៅឆ្នាំ១៩៩៩ លោកបានចូលធ្វើការនៅក្រុមSamart ។ បន្ទាប់មក លោកបានបង្កើតក្រុមបាល់ទាត់មួយមានឈ្មោះថា “Samart United” ដែលកាលនោះលោកជាគ្រូបង្វឹកផងនិងជាកីឡាករផង។
ឆ្នាំកកើតលីកក្នុងស្រុក
ក្នុងឆ្នាំ២០០០ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបង្កើតក្របខ័ណ្ឌបាល់ទាត់កំពូល ក្នុងស្រុកដែលមានឈ្មោះថា Cambodian Premier League។ ក្រុមបាល់ទាត់Samart Unitedត្រូវបានឧបត្ថម្ភពីក្រុមហ៊ុនSamart ដែល ជាក្រុមហ៊ុនទូរគមនាគមន៍។ បន្ទាប់មក ក៏មានការផ្លាស់ប្ដូរឈ្មោះជាច្រើនរហូតដល់ ភ្នំពេញក្រោន (Phnom Penh Crown) នាពេលបច្ចុប្បន្ន។
ហុក សុចិត្រាកាលទាត់ឲ្យ ព្រះខ័នរាជវ័យចាស់ឆ្នាំ២០០១ លោកបានដឹកនាំក្រុមSamart United ទៅចូលរួមប្រកួតកម្មវិធីLG Cup នៅប្រទេសឥណ្ឌូណេស៊ីតែចាញ់ក្រុមនៅឥណ្ឌូណេស៊ី ០-២ បន្ទាប់ពីឈ្នះក្រុមមកពី មីយ៉ាន់ម៉ា ២-០ និងចាញ់ក្រុម មកពីម៉ាឡេស៊ី ០-៣នៅវគ្គ១/៤ផ្ដាច់ព្រ័ត្រ។
ក្រោមការដឹកនាំលេងរបស់លោក ហុក សុចិត្រា នៅឆ្នាំ២០០២ Samart United បានក្លាយជាម្ចាស់ជើងឯកលីកលើកដំបូងគេបង្អស់នៅកម្ពុជា។ ក្នុងនាមជាម្ចាស់ការពារតំណែងជើងឯក ក្រុមរបស់កម្ពុជាមួយនេះបានទៅចូលរួមប្រកួតក្នុងកម្មវិធីAsian Club Championshipតែចាញ់ក្រុមPetrokimia Putra នៃប្រទេសឥណ្ឌូណេស៊ី។
នៅឆ្នាំ២០០២ ដដែលលោកបានដឹកនាំក្រុមទៅប្រកួតនៅប្រទេស នេប៉ាល់ ដែលក្នុងនោះចាញ់ក្រុម តាហ្ស៊ីគីស្ថាន ២-៥ ឈ្នះក្រុមមកពី ប៉ាគីស្ថាន ២-១ និងចាញ់ក្រុមមកពីស្រីលង្កា ៣-២។
Samart ប្ដូរទៅHello United
ក្នុងឆ្នាំ២០០៥ ក្រុមSamartត្រូវបានប្ដូរទៅជាក្រុមHello United វិញនិងបានបញ្ចប់រដូវកាលដោយជាប់ចំណាត់ថ្នាក់លេខ២ពីព្រោះចាញ់ ក្រុមខេមរាកីឡា ៣-០។ តែឆ្នាំនោះ កីឡាករ ហុក សុជីវ័នដែលជាប្អូនប្រុសរបស់លោក ហុក សុចិត្រាស៊ុតបញ្ចូលទីបានច្រើនជាងគេរហូតដល់២២គ្រាប់។ Hello United ក៏បានចូលរួមប្រកួតក្នុងAFC President’s Cup លើកដំបូងតែ ធ្លាក់ក្នុងជុំដំបូងបើទោះជាឈ្នះ ២-១លើកក្រុម WAPDAរបស់ប៉ាគីស្ថានក៏ដោយ។ ក្នុងឆ្នាំដដែលនេះដែរ លោកបានដឹកនាំក្រុមទៅប្រកួតនៅពានរង្វាន់Singapore។
ឆ្នាំ២០០៦ Hello United ត្រូវបានប្ដូរទៅជាPhnom Penh United ហើយក្រុមស្ថិតនៅលំដាប់កំពូលក្នុងតារាងនេះបែរជាចាញ់ ការប្រកួតPlay-offផ្ដាច់ព្រ័ត្រនឹងក្រុមខេមរាកីឡាទៅវិញក្នុង លទ្ធផលប្រផុតប្រផើយ ៤-៥ នៅពីមុខអ្នកចូលទស្សនាប្រមាណ១០០០០នាក់ឯពហុកីឡដ្ឋានជាតិ អូឡាំពិក។ ជាបន្តបន្ទាប់ក្រុមនេះនៅតែប្ដូរឈ្មោះពី Hello United ទៅជាPhnom Penh United ហើយ ពីPhnom Penh United ទៅជាPhnom Penh Empire។ រហូតដល់ឆ្នាំ២០០៩ Phnom Penh Empire ត្រូវបានប្ដូរទៅជាភ្នំពេញក្រោនដល់សព្វថ្ងៃ។
លាឈប់ពីPhnom Penh United
ដល់ឆ្នាំ២០០៧ លោក ហុក សុចិត្រា បានលាឈប់ពីក្រុម Phnom Penh Unitedនិងបានចូលទៅដឹកនាំនិងបង្ហាត់ដល់ក្រុមមហាគ្រុឌក្នុងឆ្នាំ២០០៨។ ដោយសារក្រុមនេះមានការគ្រប់គ្រងនិងរចនាសម្ព័ន្ធមិនល្អ លោកបានផ្លាស់ទៅក្រុម Posttell FC វិញក្នុងឆ្នាំ២០០៩ និងឈប់ពាក់ព័ន្ធនឹងបាល់ទាត់ច្រើនរហូតដល់បច្ចុប្បន្ន។
ការប្រកួតលើឆាកអន្តរជាតិ
- លោកបានទៅចូលរួមប្រកួតស៊ីហ្គេម ឆ្នាំ១៩៩៥និង១៩៩៧
-លោកបានចូលរួមប្រកួតនៅTiger Cup(បច្ចុប្បន្ន AFF Suzuki Cup)នៅឆ្នាំ១៩៩៦ ១៩៩៨ ២០០០ និង ២០០២
-ក្រៅពីនេះលោកបានចូលរួមលេងឲ្យក្រុមកម្ពុជាក្នុងកម្មវិធីជម្រុះបាល់ទាត់ពិភពលោកនិងកម្មវិធីជាច្រើនទៀត។
ជាប់ជាកីឡាករជម្រើសជាតិ
លោកហុក សុចិត្រា បានជាប់ជាកីឡាករបាល់ទាត់ក្នុងក្រុមជម្រើសជាតិកម្ពុជាតាំងពីឆ្នាំ១៩៩៣ មកម្ល៉េះ និងបន្តរហូតដល់ឆ្នាំ២០០២ដែលជាឆ្នាំដែលរូបលោកបានបង្ហាញខ្លួនជាលើកចុងក្រោយក្នុងពានរង្វាន់Tiger Cup។ ថ្វីបើក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាមិនសូវជាជោគជ័យនៅក្នុងតំបន់ក៏ដោយ អតីតខ្សែប្រយុទ្ធរូបនេះបានធ្វើឲ្យប្រជាជនកម្ពុជាសប្បាយចិត្តតាមរយៈការស៊ុតបញ្ចូលដ៏អស្ចារ្យនិងការញាក់បាល់គ្មានគ្រូប្រៀបប្រចាំតំបន់នៅក្នុងតំបន់គ្រោះថ្នាក់របស់សត្រូវ។ ពេលមានការប្រកួតដូចជា ស៊ីហ្គេម ជម្រុះបាល់ទាត់ពិភព លោក ឬ Tiger Cup ភាគច្រើនគឺជាគ្រាប់បាល់ស៊ុតបញ្ចូលទីដ៏ប៉ិនប្រសប់របស់លោក។
មិនតិចជាង៨០០គ្រាប់ទេ
បើទោះជាមិនមានស្ថិតិបញ្ជាក់ដូចកីឡាករអន្តរជាតិយ៉ាងណាក្ដី អតីតខ្សែប្រយុទ្ធ ឆ្នើម ហុក សុចិត្រាបានបង្ហើបឲ្យដឹងថាគ្រាប់ស៊ុតបញ្ចូលទីកន្លងមក គឺមិនតិចជាង៨០០គ្រាប់ឡើយក្នុងនាមជាខ្សែប្រយុទ្ធឆ្នើមរបស់កម្ពុជានិងក្រុមរបស់លោក។ ក្នុងអំឡុងដែលរូបលោក លេងនៅក្នុងលីកកំពូលរបស់កម្ពុជា លោកតែងតែជាអ្នកស៊ុតបាល់បញ្ចូលទីច្រើនជាងគេ។
បញ្ចប់សិក្សាវគ្គគ្រូបង្វឹក
ចុងឆ្នាំ២០១០ លោកបានបញ្ចប់សិក្សាវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកបាល់ទាត់កម្រិត B-License នៅមជ្ឈមណ្ឌលបាល់ទាត់ជាតិ បន្ទាប់ពីបានបញ្ចប់វគ្គបណ្ដុះបណ្ដាលគ្រូ បង្វឹកបាល់ទាត់កម្រិតC-License នាពេលកន្លងមក។
ស្នាដៃទទួលបាន
ហុក សុចិត្រាធ្លាប់ទទួលបានពានរង្វាន់ជាកីឡាករលេងល្អបំផុត ប្រចាំតំបន់អាស៊ីអាគ្នេយ៍នៅក្នុងឆ្នាំ ១៩៩៧ និងទទួលបានបាល់មាសពីក្រុមហ៊ុន Sanyo ។ សុចិត្រាបានរកគ្រាប់បាល់រហូតដល់ ៤២ គ្រាប់ក្នុងការប្រកួតអន្តរជាតិ ៦២ប្រកួត។ ចំណែកឯក្របខ័ណ្ឌបាល់ទាត់ក្នុងស្រុកវិញ សុចិត្រាគឺជាកំពូលអ្នកស៊ុតបញ្ចូលទីនិងទទួលបានពានរង្វាន់ស្បែកជើងមាសជាច្រើនដង។
ការងារបច្ចុប្បន្ន
បច្ចុប្បន្ន លោក ហុក សុចិត្រា កំពុងតែបម្រើការងារជាមន្ត្រីប៉ូលិសព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្ទាប់ពីរូបលោកបានចូលបម្រើការនៅទីនេះតាំងពីឆ្នាំ២០០៧មក។
បំណងប្រាថ្នាទៅថ្ងៃអនាគត
ព្រោះតែលោកមានការមមាញឹកនឹងការងាររដ្ឋនិងមិនទាន់ដកឃ្លារួចនោះ លោកហុក សុចិត្រា មិនទាន់ច្បាស់ថាលោកអាចនឹងទៅជួយដល់ក្រុមបាល់ទាត់ណានោះទេ។ ជាមួយគ្នានឹងពេលវេលាមិនទាន់សមប្រកបនេះ លោកមិនអាចលូកចូលស៊ប់ក្នុងពិភពបាល់ទាត់បានច្រើនទេ។ តែអតីតខ្សែប្រយុទ្ធឆ្នើមរបស់កម្ពុជារូបនេះនៅតែអះអាងថាលោកមិនទាន់ដាច់អាល័យចំពោះកេរ្តិ៍ ឈ្មោះដែលលោកធ្លាប់បានសាងកន្លងមកនោះឡើយ។ បើមានព័ត៌មានបន្ថែម Sabay ផ្ដល់ជូនបន្តទៀត៕
អត្ថបទកាព្យ
**គុណម៉ែមេគង្គ**
-ទឹកដោះម្តាយថ្លៃ មានគុណប៉ុនណា
លើបុត្រធីតា ដែលលោកចិញ្ចឹម។
-ទន្លេមេគង្គ ជាក្តីសង្ឈឹ្មម
មានគុណសើ្មផ្ទឹម នឹងទឹកដោះម៉ែ។
-ទន្លេមេគង្គ ចិញ្ចឹមជាតិខ្មែ
ដីចំការស្រែ កសាងសេដ្ឋកិច្ច។
-គុណម៉ែមេគង្គ ខ្មែអើយកុំភ្លេច
ជីវិតសេដ្ឋកិច្ច រស់ព្រោះមេគង្គ។
-ទឹកដោះម្តាយថ្លៃ មានគុណប៉ុនណា
លើបុត្រធីតា ដែលលោកចិញ្ចឹម។
-ទន្លេមេគង្គ ជាក្តីសង្ឈឹ្មម
មានគុណសើ្មផ្ទឹម នឹងទឹកដោះម៉ែ។
-ទន្លេមេគង្គ ចិញ្ចឹមជាតិខ្មែ
ដីចំការស្រែ កសាងសេដ្ឋកិច្ច។
-គុណម៉ែមេគង្គ ខ្មែអើយកុំភ្លេច
ជីវិតសេដ្ឋកិច្ច រស់ព្រោះមេគង្គ។
មមាចមិនខ្លាចភ្លើង
-សត្វមមាចអើយ ឆេះស្លាបជ្រុះហើយ ទើបនឹកឃើញថា
អគ្គីដែលខ្លួន យល់ជាបុប្ផា សំលាប់អាត្មា
គ្មានត្រាប្រណី។
-នឹកថាឡើងសួគ៍ ដល់បានពេញតួ ធ្លាក់ដល់អវចីយ៍
សោយទុក្ខសោយកម្ម ខ្ទុះជ្រាំអប្រិយ៍ នរកលោកីយ៍
រងក្តីខ្លោចផ្សា។
-រូបរាង្គកាយឆេះ ផ្ទុះសរសៃរឈាម ខ្ពុរជោកកាយា
ទើបភ្ញាក់ដឹងខ្លួន ថាខុសអាត្មា ចាញ់កលឬស្យា
មហាអាគ្គី។
-គិតវិលត្រលប់ កាយញ័រចំប្រប់ ស្បាបលើធរណី
ហួសពេលនឹកកែ គំនិតវក់វី ខ្លួនឆេះខ្ទេចខ្ទី
ជីវីមរណា។
-មិត្តអើយចូរស្តាប់ កុំយកតំរាប់ កុំត្រាប់តំរា
មមាចសត្វខ្មៅ ខ្វះការពិចារណា ស្លាប់បង់អាសារ
ព្រោះការយល់ខុស។
អគ្គីដែលខ្លួន យល់ជាបុប្ផា សំលាប់អាត្មា
គ្មានត្រាប្រណី។
-នឹកថាឡើងសួគ៍ ដល់បានពេញតួ ធ្លាក់ដល់អវចីយ៍
សោយទុក្ខសោយកម្ម ខ្ទុះជ្រាំអប្រិយ៍ នរកលោកីយ៍
រងក្តីខ្លោចផ្សា។
-រូបរាង្គកាយឆេះ ផ្ទុះសរសៃរឈាម ខ្ពុរជោកកាយា
ទើបភ្ញាក់ដឹងខ្លួន ថាខុសអាត្មា ចាញ់កលឬស្យា
មហាអាគ្គី។
-គិតវិលត្រលប់ កាយញ័រចំប្រប់ ស្បាបលើធរណី
ហួសពេលនឹកកែ គំនិតវក់វី ខ្លួនឆេះខ្ទេចខ្ទី
ជីវីមរណា។
-មិត្តអើយចូរស្តាប់ កុំយកតំរាប់ កុំត្រាប់តំរា
មមាចសត្វខ្មៅ ខ្វះការពិចារណា ស្លាប់បង់អាសារ
ព្រោះការយល់ខុស។
Saturday, August 20, 2011
Subscribe to:
Post Comments (Atom)
No comments:
Post a Comment